ពិធីបុណ្យកឋិនទាន
១. ប្រភពនៃបុណ្យកឋិន
ចាប់ពីសម័យពុទ្ធកាល ដែលព្រះសម្មាសម្ពុទ្ធទ្រង់ទើបនឹងបានត្រាសដឹងថ្មីៗ ទ្រង់បានឲ្យព្រះភិក្ខុសង្ឃទាំងអស់ ប្រើប្រាស់តែចីវរ ឥតម្ចាស់ គឺជាសម្ពត់ដែលព្រះសង្ឃទទួលបានដោលបង្សុកូលយកពីព្រៃស្មសាន ឫយកពីគំនរសម្រាមមកប៉ះជាបំណាស់ៗធ្វើជា ត្រៃចីវរស្លៀកដណ្តប់។ ក្រោយមកនៅថ្ងៃ ១៥ កើត ខែអស្សុជ ជាថ្ងៃចេញវស្សាព្រះភិក្ខុសង្ឃនៅស្រុកបាវាលចំនួន ៣០អង្គ មានត្រៃចីវរទទឹកជោកដោយទឹកភ្លៀងគ្រប់អង្គៗ នៅពេលដែលព្រះសង្ឃទាំងនោះមកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់។
ក្រោយពីព្រះសម្មាសម្ពុទ្ធ ទ្រង់ទតឃើញនូវហេតុនៃព្រះសង្ឃទាំង ៣០អង្គ ដូចពោលមក
ខាងលើនោះព្រះអង្គក៏ទ្រង់អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាទាំងអស់ទទួលក្រាលគ្រងនូវសម្ពត់កឋិន ឫកឋិនចីវរជាចីវរដែលមានម្ចាស់ឡើង។ លុះសម័យក្រោយមក ទើបឧបាសក ឧបាសិកា ពុទ្ធសានិក បាននាំគ្នាធ្វើបុណ្យកឋិនទានតរៀងមក។ រយៈកាលដែលអាចធ្វើបុណ្យកឋិនទានបានតាមពុទ្ធានុញ្ញាតគឺ ១ខែ ឫ២៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១ រោជ ខែអស្សុជរហូតទៅដល់ ថ្ងៃ ១៥កើត ខែកត្តិក ដែលគេហៅថា “ កឋិនកាល ឫជារដូវកឋិនទាន”។
២. ពិធីបុណ្យកឋិនទាន
តាមសម័យកាលបច្ចុប្បន្នដោយ ឧបាសក ឧបាសិកាមានសទ្ធាជ្រះថ្លាក្នុងការគោរពព្រះពុទ្ធសាសនា ហើយចង់ឲ្យ ភិក្ខុសង្ឃក្រាលគ្រងអនុមោទនាបានអានិសង្ឃ៥ប្រការតាមពុទ្ធានុញ្ញាតផងនោះ និងចង់ឲ្យម្ចាស់ទានទទួលបាននូវអានិសង្ឃដែលកើតអំពីកឋិនទាន ឫ ជាកាលដែលមានផលច្រើនផង និងចង់ឲ្យការសិក្សាធម៌វិន័យពុទ្ធសាសនាព្រមទាំងការ សិក្សាអក្សរសាស្រ្តឲ្យ
បានលូតលាស់ផងនោះ ក៏ការធ្វើបុណ្យកឋិនទាននេះក្លាយទៅជាការហែហមយ៉ាងគគ្រឹកគគ្រេងដោយមានវត្ថុផ្សេងៗរៀបជាគ្រឿងរណ្តាប់។
គ្រឿងរណ្តាប់ទាំងឡាយសម្រាប់រៀបចំបុណ្យកឋិនទានមានបីប្រភេទដូចជាៈ
– រណ្តាប់អង្គកឋិន១ សម្រាប់ប្រគេនព្រះថេរៈដែលក្រាលគ្រងមានៈ ចីវរ១ត្រៃ( ស្បង់ ជីពរសង្ឃាដី អង្ស័ក វត្ថពន្ធ បាត្រ ផ្លិត កំសៀវទឹក តម្រងទឹក ចានស្រាក់ ចាន ស្លាបព្រា កន្ទេល ខ្នើយតែ ស្ករ ទៀន ធូប ឈើគូសជាដើម)។
– រណ្តាប់ញត្តិមាន២ : សម្រាប់ប្រគេនព្រះថេរៈ២អង្គដែលសូត្រញាត្តិមានៈ ចីវរមួយលៀង( ស្បង់១ ជីពរ១ និងបរិក្ខាផ្សេងៗទៀតដូចជារណ្តាប់នៃអង្គកឋិនដែរ តែលើកលែងតែបាត្រចេញ)
– រណ្តាប់បរិវាកឋិនទាន :សម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីវត្តទាំងអស់មានៈ មានស្បង់ ជីពរបរិក្ខាផ្សេងៗទៀតជាច្រើនលើកលែងតែបាត្រចេញ និងព្រមទាំងបច្ចយ័សម្រាប់ប្រគេនព្រះសង្ឃ និងបច្ចយ័សម្រាប់សង្កត់ត្រៃ សម្រាប់ទំនុកបំរុងវត្តអារាមសម្រាប់កសាងព្រះវិហារ សាលាឆាន់ គុដ ឫសាលារៀនជាដើម។
៣. ការរៀបចំបុណ្យកឋិនទាននាពេលបច្ចុប្បន្ន
ជាដំបូង ម្ចាស់អង្គកឋិនទានត្រូវរៀបចំគ្រឿងប្រដាប់ឲ្យបានសព្វគ្រប់ដើម្បីត្រៀមរៀបចំតាមកម្មវិធីដូចតទៅ ៖
៣.១ ពេលល្ងាច : និមន្តព្រះសង្ឃចម្រើនព្រះបរិតនៅក្នុង គេហដ្ឋាន ឫនៅក្នុងវត្តអារាមរបស់គេ។ ពេលចប់ពិធីចម្រើនព្រះបរិតគេនិមន្តព្រះធម្មកថិក១អង្គឲ្យសម្តែងព្រះធម៌ទេសនា។
៣.២ ពេលព្រឹក : ម្ចាស់អង្គកឋិនទានត្រូវរៀបចំដង្ហែអង្គកឋិនទៅកាន់វត្តអារាមដែលត្រូវ
ដាក់។ មុននឹងចូលក្នុងព្រះវិហារ ក្បួនដង្ហែអង្គកឋិនទានត្រូវហែប្រទក្សិណព្រះវិហារបីជុំសិន។ នៅក្នុងព្រះវិហារគេនាំគ្នាក្រាបថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃបន្ទាប់មកម្ចាស់កឋិនបាន
យកកឋិនចីវរទៅតម្កល់ទុកក្នុងហត្ថបាសដែលដាក់នៅចម្ងាយ១ហត្ថ ១ចំអាម ពីទីអង្គុយជំនុំ
សង្ឃនមសស្ការចំពោះព្រះរតនត្រ័យសមាទានសីលរួចវេរនូវកឋិនចីវរប្រគេនចំពោះព្រះ
សង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស។
៣.៣ ចំពោះព្រះសង្ឃ : បន្ទាប់ពីបានទទួលនូវកឋិនចីវរដោយពិនិត្យមើលឃើញថាត្រឹមត្រួវតាមវិន័យសព្វគ្រប់ហើយក៏អមលោក(ប្រកាសប្រាប់) ឲ្យព្រះភិក្ខុ១អង្គក្នុងចំនោមជំនុំសង្ឃដែលយល់ថាគួរក្រាលគ្រងនូវអង្គកឋិនទាននោះ និងចាត់ព្រះភិក្ខុឲ្យសូត្រញាត្តិជាភាសាបាលីដើម្បីប្រគល់នូវចីវរចំពោះព្រះភិក្ខុនោះ ព្រះភិក្ខុនោះបានយកកឋិនចីវរជាអង្គកឋិននោះមកក្រាលគ្រង រួចប្រកាសប្រាប់ជំនុំសង្ឃជាភាសាបាលីឲ្យអនុមោទនាត្រេកអរតាមជាភាសាបាលីដែរ។ កាលបើព្រះភិក្ខុ១អង្គបានក្រាលគ្រង និងជំនុំសង្ឃជាច្រើនបានអនុមោទនាស្រេចហើយ ទើបថ្វាធ្យាយ ធម៌ជាភាសាបាលីផ្សាយនូវផលានិសង្ឃដល់ទាយកទាយិកាវិញ។ ពេលចប់ហើយ ឧបាសក ឧបាសិកា សូត្រយំកិញ្ចិឧទិ្ទស មគ្គផល ជូនដល់អ្នកមានគុណរៀងៗខ្លួន ព្រមទាំងសត្វលោក។
ដកស្រង់ចេញពីសៀវភៅ វប្បធម៌ អរិយធម៌ខ្មែរ
រៀបរៀងដោយ បេក្ខបណ្ឌិត យឹម សំណាង
បោះពុម្ភផ្សាយឆ្នាំ ២០០៨





